ព្រហ្មវិហារ (ព្រះហ្មៈវិហា, ឬព្រំមៈ --) ន. (បា.) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរើ មាន៤យ៉ាងគឺ ១-មេត្តា ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ; ២-ករុណា ផ្សាយសេចក្តីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្តីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក ។ សេចក្តីពន្យល់បន្ថែម មេត្តា ៖ សេចក្ដីរាប់រក , សេចក្ដីរាប់អានគ្នា , សេចក្ដីប្រណី , បំណងចង់ឲ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ : មានមេត្តា , ផ្សាយមេត្តា ថា ខ្ញុំចង់បានសុខស្ងប់យ៉ាងណាមិញ , សូមឲ្យសព្វសត្វទាំងឡាយបានសុខស្ងប់ ដូចខ្ញុំចង់បាននុះដែរទៅ ! (មេត្តានេះជាធម៌សំខាន់មួយក្នុងលោក) ។ ករុណា ៖ សេចក្ដីអាណិត , អាសូរ ; និយាយក្លាយមកជា កូរណា ក៏មាន : សូមលោកមានអាសូរករុណាខ្ញុំបាទផង ។ មុទិតា ៖ ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្តិ បានប្រកបដោយសេចក្ដីស...