ព្រហ្មវិហារធម៌

ព្រហ្មវិហារ (ព្រះហ្មៈវិហា, ឬព្រំមៈ --) ន. (បា.) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរើ មាន៤យ៉ាងគឺ ១-មេត្តា ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ; ២-ករុណា ផ្សាយសេចក្តីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្តីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មវិហារធម៌ទាំងបួននេះជាប្រភពនៃសន្តិភាពនិងវឌ្ឍនភាពក្នុងលោក ។
សេចក្តីពន្យល់បន្ថែម
មេត្តា៖ សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឲ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ : មានមេត្តា, ផ្សាយមេត្តា ថា ខ្ញុំចង់បានសុខស្ងប់យ៉ាងណាមិញ, សូមឲ្យសព្វសត្វទាំងឡាយបានសុខស្ងប់ ដូចខ្ញុំចង់បាននុះដែរទៅ ! (មេត្តានេះជាធម៌សំខាន់មួយក្នុងលោក) ។
ករុណា៖ សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន : សូមលោកមានអាសូរករុណាខ្ញុំបាទផង ។
មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្តិ បានប្រកបដោយសេចក្ដីសុខ-ចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស (មុទិតា នេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស)
ឧបេក្ខា៖ ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ,
ដំណើរមិនលម្អៀងទៅខាងណា : តាំងចិត្តជាឧបេក្ខា ។
ខ្មែរប្រើជា គុ. ក៏មាន : ចិត្តឧបេក្ខា ចិត្តជាកណ្តាល, ចិត្តព្រងើយកន្តើយ ។
(ឯកសារយោង៖ វចនានុក្រមខ្មែរ - សម្តេចសង្ឃ ជួនណាត)