សុបិន្តទាំង១៦ប្រការ


សុបិន្តទាំងដប់ប្រាំមួយប្រការ

របស់ព្រះបាទបសេនទិកោសលដែល

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករ

Buddha Purnima 2017: The legend behind Gautama Buddha's ...

សុបិន្តទី០១
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា ។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា ។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌ ។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក ។
មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ ។
 
សុបិន្តទី០២
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សម្នាចេះស្រឡាញ់គ្នា និងយក
គ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹងរៀប
ការគ្នាជាប្ដីប្រពន្ធ មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់ ។

សុបិន្តទី០៣
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចក៏សុំបៅដោះកូនរបស់ខ្លួន ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន ។
សុបិន្តទី០៤
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេមិនទឹមគោធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង ។

សុបិន្តទី០៥
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ ។ 
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្ម កម្មពេកណាស់ហោង ។ ពួកតុលាការផង គេកាត់ក្ដីមិនប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាសប្រាក់ ឬទ្រព្យសម្បត្តិរបស់គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត ។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ ។


សុបិន្តទី០៦
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកភាជន៍មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់នៅក្នុងត្រកូលទាបថោកវិញ គេត្រូវបាន ឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្តលើកកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិយស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ ។


សុបិន្តទី០៧
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់ ។ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការត្រាច់ចរតាមចក្រល្ហករកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ ។


សុបិន្តទី០៨
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗនាំគ្នាដងទឹកចាក់ចូលទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់ដែលនៅត្រង់កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេតូចៗទាំងនោះផងឡើយ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង ធ្វើការងាររបស់ខ្លួនឡើយ ។

សុបិន្តទី០៩
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។


សុបិន្តទី១០
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។


សុបិន្តទី១១

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយក

ទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃដេលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួសហេតុ ព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ ។​ ធម៌វិន័យដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន ។​ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែងពួកភិក្ខុទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌ របស់តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ គឺ "ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ៤" ។


សុបិន្តទី១២
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោកលិច អំបែងអណ្តែត ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញបណ្ឌិត តម្រូវឲ្យអ្នកប្រាជ្ញបណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ ។


សុបិន្តទី១៣
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅតែខាងពួកអ្នកឥតត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ ។

សុបិន្តទី១៤
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ ។ ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខលោកនឹងអាប់ឱនទៅនៅក្នុងគ្រាដែលមនុស្សទាំងឡាយសឹងទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្កត់ជាប់ បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើរសោត ក៏នៅក្នុងកណ្ដាប់ដៃប្រពន្ធក្មេងៗទាំងនោះដែរ ។ កាលបើប្ដីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗ ប្រពន្ធក្មេងៗតែងស្ដីបន្ទោស ជេរ តបតទៅវិញ កំហែងប្ដីឲ្យលុះក្នុងអំណាចរបស់ខ្លួននោះ ស្មើខ្ញុំកំដរ ។

សុបិន្តទី១៥
ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ ។
ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅនៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិយសពីពួកត្រកូលទាបៗនោះវិញ ។


សុបិន្តទី១៦

ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា "ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា ។

បើតាមសុបិននេះតើនឹងមានកើតហេតុភេទទៅជាប្រែប្រួលយ៉ាងណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ ។ ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។​ 

ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិននេះថ្វាយព្រះបាទបសេនទិកោសលថា 

"ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា "ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!" ។ ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍ ។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ 

ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដងព្រៃភ្នំក្រំថ្មអស់ទៅ ។ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជាភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ ។ សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ! ។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ


ប្រភព: អត្ថបទដើមគឺជាស្នាដៃរបស់លោក ធន់ ហ៊ិន ។

Communicating Effectively

ព្រហ្មវិហារធម៌

សម្តីមាសរបស់ខុងជឺ