សុបិន្តទាំង១៦ប្រការ
សុបិន្តទាំងដប់ប្រាំមួយប្រការ របស់ព្រះបាទបសេនទិកោសលដែល ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករ សុបិន្តទី០១ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា ។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា ។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌ ។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក ។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគ...